ប៉ៃលិន៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ផងដែរ។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ ខេត្តប៉ៃលិនទទួលខុសត្រូវចាប់ពីខ្សែ(Y០១-៣៨) ប្រវែង ៣៨គីឡូម៉ែត្រ និងតាមបន្ទាត់ព្រំដែនប្រវែង ៥៥,២គីឡូម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ស្រុកកំរៀង ខេត្តបាត់ដំបង ខាងត្បូងទល់ស្រុកសំឡូត ខេត្តបាត់ដំបង ខាងកើតទល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និង ខាងលិចទល់ខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃឡង់ ដោយមានឃុំចំនួន១ សង្កាត់ចំនួន១ និងភូមិចំនួន ៨ ដែលនៅជាប់ព្រំដែនជាមួយថៃ ហើយមានប្រជាពលរដ្ឋចំនួន ៣.២៩៦ គ្រួសារ ស្មើមនុស្សរាយចំនួន ១៤.៨៥៨នាក់។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីមានព្រឹត្តិការណ៍ ជម្លោះជាមួយភាគីថៃ រដ្ឋបាលខេត្តបានរៀបចំ ផែនការរួមសម្រាប់ត្រៀមបង្ការជាយថាហេតុនៅក្នុងភូមិសាស្ត្រខេត្តគ្រប់គ្រង និងបានដាក់ចេញ នូវសេចក្តីសម្រេចលេខ ០៣៥/២៥សសរ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច អនុវត្តផែនការរួមសម្រាប់ត្រៀមបង្ការជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងមានអនុគណៈកម្មការចំនួន៦ ជាជំនួយការគឺ៖ អនុគណៈកម្មការតាមដានសភាពការណ៍សន្តិសុខ និងទីជម្រកសុវត្ថិភាព, អនុគណៈកម្មការប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ, អនុគណៈកម្មការជម្លៀសប្រជាពលរដ្ឋ, អនុគណៈកម្មការប្រចាំការនៅអនុវិទ្យាល័យប៉ាងរលឹម, អនុគណៈកម្មការប្រចាំការនៅអតីតវិទ្យាល័យសាលាក្រៅចាស់ និងអនុគណៈកម្មការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងឱសថ ជូនប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តបានត្រៀមទីជម្រកសុវត្ថិភាព ចំនួន២ទីតាំងគឺ នៅអនុវិទ្យាល័យប៉ាងរលឹម និងនៅអតីតវិទ្យាល័យសាលាក្រៅចាស់ និងបានត្រៀមមធ្យោបាយរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងគ្រាប្រកាសអាសន្ន។ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ក្រោយពីភាគីថៃធ្វើការបាញ់ប្រហាមកលើទាហ៊ានកម្ពុជាម្នាក់ បណ្តាលឱ្យបាត់បងជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុំបី កន្លងទៅ បានបង្ករឱ្យមានជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និងបន្តរីករាលដាល់ពីខេត្តព្រះវិហារ ឧត្តមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តប៉ៃលិន ហើយបញ្ហានេះនៅតែជាបញ្ហាក្តៅនៅឡើយ ក្នុងនោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋ ពលករ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងជនភៀសសឹក និងបានណែនាំឱ្យអាជ្ញាធរខេត្ត នៅជាប់ព្រំដែនទាំងអស់ មើលលើការងារទាំងអស់នេះផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថាកិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលគ្រប់ តួអង្គពាក់ព័ន្ធទាំងអស់ បានមកជួបជុំគ្នា ដើម្បីជួយសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រក ស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន និងការដោះស្រាយសេវាសាធារណៈជូនជនភៀសសឹក ក្នុងន័យនេះដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។សូមបញ្ជាក់ថា ក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក មានភារកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជាប់ជាមួយប្រទេសជិតខាង ដោយម្ចាស់ការកសាងផែនការត្រៀមទុកជាមុនតាម៣ដំណាក់កាល គឺដំណាក់កាលទី១៖ ការត្រៀមលក្ខណៈទុកជាមុន (មុនពេលមានព្រឹត្តិការណ៍) ដំណាក់កាលទី២៖ ការឆ្លើយតបបន្ទាន់ (ពេលព្រឹត្តិការណ៍) និងដំណាក់កាលទី៣៖ ដំណោះស្រាយ (ក្រោយព្រឹត្តិការណ៍)៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម គីម រិទ្ធី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()
វីដែអូ