ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋនិងចេញពីក្នុងរាជធានីភ្នំពេញ។ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានយាយីពេញពិភពលោក ដូចជាគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម ក្នុងនោះសំរាប់រាជធានីភ្នំពេញយើងក៏បានទទួលឥទ្ធិពលនេះផងដែរ នោះគឺគ្រោះជំនន់ទឹកភ្លៀង។ ដូច្នេះឯកឧត្ដម អភិបាលបានណែនាំឱ្យអាជ្ញាធរទាំង ១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤បន្តធ្វើការងារចុះពិនិត្យប្រឡាយ លូ ក្នុងភូមិសាស្ត្រខ្លួនហើយណែនាំប្រជាពលរដ្ឋកុំឱ្យបោះសំរាមចូលលូ ប្រឡាយនាំឱ្យស្ទះ។លោកនិងលោកស្រីជាអភិបាលខណ្ឌភិបាលខណ្ឌសហការជាមួយមន្ទីរជំនាញនៅខែប្រាំងស្ដារ លូ ស្ដារប្រឡាយ ហើយខែវស្សានាំគ្នាចុះត្រួតពិនិត្យប្រឡាយ លូមើលកន្លែងណាស្ទះកាយបើកមុខទឹកដែលឯកឧត្ដមជាឆ្អឹងខ្នង។មន្ត្រីជំនាញត្រូវចុះពិនិត្យរឺហ្គ្រាលូ លូ មន្ទីរសាធារណការត្រូវចាត់ជំនាញជិះម៉ូតូឡាន មើលផ្លូវមើលគំនូសចរាចរ និងស្លាកសញ្ញាចរាចរដែលធ្លាក់ បាក់បែកឬបាត់រាយការមករដ្ឋបាលរាជធានីភ្លាម។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើ ការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ត្រូវចុះបង្ក្រាបភ្លាម។ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កម្លាំងយើងបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរីនិងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់និងភាពច្បាស់លាស់។ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា គ្រឿងញៀនក៏ជាបញ្ហាដ៏ធំមួយ ដោយវាបាននឹងកំពុងចាក់គ្រឹះនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាប ហើយអ្វីដែលសំខាន់នោះ គឺលោកស្នើឱ្យ កងរាជអាវុធហត្ថនិងប៉ូលីស ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង នូវបានស្នើសុំ ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ សហការគ្នាឱ្យបានល្អជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបគ្រឿងញៀននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តងៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ