ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម, ២.បញ្ហាបន្លែ សាច់គោ និងស្រូវចុះថោកជាដើម ដែលប៉ះពាល់ដល់អ្នកដាំដុះ និងអ្នកចិញ្ចឹម។ជុំវិញនឹងបញ្ហាប្រឈមទាំងអស់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ ពិតជាបានយល់ច្បាស់ ពីព្រោះលោកក៏ជាកូនកសិករ និងធ្លាប់ធ្វើកសិកម្មពីមុនមកដែរ។ ឯកឧត្តមបណ្ឌិតដឹងយ៉ាងច្បាស់ថា “កសិករគឺជាក្រុមដែលហ៊ានទទួលយកហានិភ័យខ្ពស់ជាងគេក្នុងមុខរបររបស់ខ្លួន” ដែលហានិភ័យទាំងនោះអាចកើតឡើងតាំងពីពេលដាំដុះរហូតដល់ការលក់ចេញដូចជា៖ ហានិភ័យគ្រោះធម្មជាតិ ហានិភ័យប្រែប្រួលផ្នែកពាណិជ្ជកម្ម និងហានិភ័យទីផ្សារជាដើមដែលហានិភ័យទាំងអស់នេះសុទ្ធតែជាកត្តាធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ឬថ្លៃទិន្នផល។ ដោយហេតុនេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនបោះបង់កសិករចោលឡើយ ពោលមានតែពង្រឹងការយកចិត្តទុកដាក់ និងនៅជាប់ជានិច្ចជាមួយបងប្អូនកសិករ។ ពីខាងចំណែករបស់បងប្អូនកសិករវិញ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលបានស្នើសុំឱ្យ (១). មានការតស៊ូព្យាយាម ភាពអត់ធ្មត់ខ្ពស់, (២). ប្រែក្លាយខ្លួនពីកសិករចិញ្ចឹមឆ្នាំងទៅជាកសិករសហគ្រិន ដែលដឹងច្បាស់លាស់ពីចំណេញខាត និងដឹងថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ទើបអាចកំណត់ថ្លៃលក់បាន, (៣). ប្រសិនបើអាចសូមធ្វើកសិកម្មបែបចម្រុះដែលមានភាពប្រទាក់ក្រឡាគ្នា និង (៤). ជាពិសេសបងប្អូនទាំងអស់ត្រូវរៀនសម្របខ្លួនជាមួយនឹងកសិកម្មក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានចង្អុលបង្ហាញដល់បងប្អូនប្រជាកសិករត្រូវមានការចងក្រងគ្នាជាបណ្តាញឱ្យបានរឹងមាំដើម្បីការពារមុខរបរ និងសម្លេងរបស់កសិករ ជាក់ស្តែងយើងមានសមាគមបណ្តាញកសិករតេជោ ដែលមានឯកឧត្តមបណ្ឌិតជាប្រធាន ដែលសមាគមនេះបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេសការផ្សព្វផ្សាយនិងការស្វែងរកទីផ្សារផលិតផលកសិកម្ម។ ដូចនេះ សូមបងប្អូនចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ដែលជាស្ពាន (១). តភ្ជាប់ឱកាសទីផ្សារជូនកសិករ, (២). តភ្ជាប់បច្ចេកទេសជូនកសិករ (មានគុណភាពនិងកាត់បន្ថយថ្លៃដើម), (៣). តភ្ជាប់កសិករទៅនឹងពាណិជកម្មដែលមិនមានការកេងចំណេញពីកសិករដោយអយុត្តិធម៌ និង (៤). ចម្លងសម្លេងកង្វល់របស់បងប្អូនកសិករជូនថ្នាក់ដឹកនាំ។ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានគូសរំលេចអំពីកង្វល់របស់បងប្អូនកសិករមានច្រើនតែគេអាចសង្ខេបបាន ៤ គឺ៖ (១). បញ្ហាថ្លៃកសិផលគ្មានស្ថិរភាព, (២). បញ្ហាធាតុចូលកសិកម្ម (ពូជ ជី ថ្នាំ...) មានតម្លៃប្រែប្រួលកើនឡើង, (៣). បញ្ហាលើការស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ និង (៤). បញ្ហាទីផ្សារកសិផលរបស់ខ្លួននៅពេលចាប់ផ្តើមប្រមូលផល។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាកសិករថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈមទាំងនេះជាជំហានៗ បងប្អូនកសិករយើងវិញត្រូវពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាពខ្ពស់ និងរកវិធីកាត់បន្ថយថ្លៃដើមឱ្យនៅទាប កាលណាផលិតផលមានគុណភាពរួមផ្សំនឹងថ្លៃដើមផលិតទាប នោះនឹងធ្វើឱ្យយើងមានភាពប្រកួតប្រជែងខ្ពស់ជាមួយកសិផលនាំចូល ដែលធ្វើឱ្យផលិតផលយើងលក់ដាច់ក្នុងទីផ្សារ ហើយប្រកួតប្រជែងដោយស្មើភាពផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ