បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ មន្ត្រីរាជការតាម មន្ទីរ អង្គភាព សិស្ស និស្សិត គ្រប់ផ្នែកពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត ដែលបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។លោក សុខ លូ បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ក្នុងព្រះរាជវរោកាសដ៏មហាសិរីមង្គលឧត្តុង្គឧត្តមបវរប្រសើរថ្លៃថ្លា និងពោរពេញដោយសេចក្តីសោមនស្សរីករាយជាទីបំផុតនៃព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតលំឱនកាយចំពោះព្រះមហាករុណាទិគុណ និងសូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង ជាភិយ្យោភាពតរៀងទៅ ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការបំពេញព្រះរាជកិច្ចប្រកបដោយព្រះគុណធម៌ ព្រះព្រហ្មវិហារធម៌ និងព្រះទសពិធរាជធម៌ដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាបំផុត ព្រមទាំងជាព្រះរាជមគ្គទេសក៍ពេញដោយព្រះគតិបណ្ឌិតឈ្លាសវៃ ក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំសិក្សាធិការ សុខុមាលភាព និងកិច្ចការបរទេស ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានភាពរីកចម្រើនជឿនលឿនជាបន្តបន្ទាប់លើគ្រប់វិស័យ កិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងល្បីល្បាញលើសកលលោក ។ ម្យ៉ាងវិញទៀត ព្រះអង្គតែងតែបំពេញនូវព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ វឌ្ឍនភាព ការបង្រួបបង្រួមជាតិ និងនិរន្តរភាពជាតិ ព្រមទាំងធ្វើឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គបានរស់នៅក្នុងជីវភាពរីកចម្រើន សម្បូរសប្បាយឥតឈប់ឈរ ។ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សបវរប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”សូមតាមជួយទ្រទ្រង់ ថែរក្សា ការពារនិងអភិបាល ប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។សូមព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ