ភ្នំពេញ៖ ការថ្លែងអំពាវនាវនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ភូមិ សរុបចំនួន ៣.០៩០បណ្ណ ស្ថិតនៅភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ មាន ភារ៉ុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្នំ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរស្រុកលើកដែក មន្ត្រីជំនាញ និងប្រជាពលរដ្ឋជាច្រើននាក់។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបន្តថា៖ គិតមកដល់ពេលនេះ មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានជាង ៤០ម៉ឺនបណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋ បានប្រមាណជាង ៣០ម៉ឺនបណ្ណ ហើយនៅសល់ប៉ុន្មានជាង ១១ម៉ឺនបណ្ណទៀត ប្រជាពលរដ្ឋមិនទាន់បានមកទទួលនៅឡើយទេ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានអត់ពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមកទទួលបណ្ណ កម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូន។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) គឺផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ មករំលោភលើប័ណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ។ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូមរក្សាទុក្ខឱ្យបានល្អ ព្រោះថាបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ណាស់ និងមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តី ត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងពីបញ្ហាទឹកជំនន់ឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ផ្ទះសំបែង និងស្រែចំការរបស់ប្រជាពលរដ្ឋមួយចំនួន តែដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋឡើយ។ ប៉ុន្តែទន្ទឹមនឹងនោះ ខេត្តកណ្ដាលក៏មានអ្នកស្លាប់ដោយលង់ទឹក ចំនួន ៣៨នាក់ ដែលនេះគឺជាតួលេខមួយគួរឱ្យព្រួយបារម្ភបំផុត ហើយអ្នកដែលស្លាប់ដោយលង់ទឹកនេះភាគច្រើនជាកុមារ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកគ្រួសារ ពិសេសចាស់ជរា និងកុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹកស្លាប់បាន។ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះចុះបញ្ជីបាន ៧១ឃុំ/សង្កាត់ លើ ១២៧ឃុំ/សង្កាត់ នឹង ៦៣០ភូមិ លើ ១០១០ភូមិ គឺស្មើនឹង ៦៣% នៃចំនួនភូមិសរុប ហើយថ្ងៃនេះគឺជាលើកទី៤៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ២ភូមិ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣.០៩០បណ្ណ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ