ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឌីខេ លី តាមរយៈលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ។អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ មាន១៥បន្ទប់ (មានបន្ទប់ទឹក ចំនួន១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន៥ពាន់ដុល្លារអាម៉េរិក ដែលអគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២)នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់សេវាសុខាភិបាលក្នុងស្រុករបស់យើងនេះ។ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក ឌីខេលី រួមជាមួយគណៈប្រតិភូ និងសប្បុរសជនកូរ៉េ នៃរ៉ូតារីក្លឹប ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងនាពេលនេះ។ ហើយក៏មិនមែនជាលើកទី១ ដែលគណៈប្រតិភូសប្បុរជនកូរ៉េ បានចូលរួមកសាងសមិទ្ធផលនៅក្នុងខេត្តរបស់យើងនោះទ្បើយ ផ្ទុយទៅវិញ ប្រតិភូរ៉ូតារីក្លឹប បានចុះមកខេត្តស្វាយរៀងយើងតាំងពីឆ្នាំ២០១៧, ហើយបានជួបសំណេះសំណាល និងនាំយកនូវអំណោយសប្បុរជនជូន ដល់ប្រជាពលរដ្ឋក្នុងឃុំឈើទាល ស្រុកស្វាយជ្រំយើងនេះចំនួន៥លើក រួចមកហើយ គិតត្រឹមឆ្នាំដដែល, និងជាបន្តបន្ទាប់ រ៉ូតារីក្លឹប បានចូលរួមកសាង៖ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល, អគារសិក្សា និងសមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ គឺអគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំយើងនេះ។សម្តេចបានបន្តថា អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀងរបស់យើងហើយជាពិសេស មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននៃក្រុងស្វាយរៀងផងដែរ។សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ហើយបានដាក់ចេញ និងដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថេរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមជាមួយការកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ៖ “មនុស្ស, ទឹក, ភ្លើង, ផ្លូវ និងបច្ចេកវិទ្យា” មានន័យថា មនុស្សនៅតែជាវិស័យអាទិភាពទី១ដដែល។ជាមួយគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធនិងបុគ្គលិកសុខាភិបាលទាំងអស់នៅ៣ចំណុចសំខាន់ដូចខាងក្រោម៖ទី១. បុគ្គលិកពេទ្យទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការសង្គ្រោះ និងពិនិត្យ-ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្ត អាណិត ស្រលាញ់ អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យឱ្យបានល្អ។ទី២. មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្តល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើរឡើង។ទី៣. អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីនៃអនុក្រឹត្យលេខ ៦១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៣ ស្តីពីក្រមសីលធម៌គ្រូពេទ្យ រួមជាមួយការយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺ និងអ្នកមកទទួលសេវា សុខាភិបាលនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពរបស់យើង, ការស្តាប់ ពិនិត្យ ឱ្យទូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ដោយស្មើភាពគ្នា និងមិនប្រកាន់និន្នាការ ប្រពៃណី សាសនា និងជាតិសាសន៍នោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ