ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទពិសោធបានយ៉ាងល្អទៅកាន់សិក្ខាកាមឱ្យផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយបន្ថែមពីនេះ ក៏ជាឱកាសដែលវិស័យឯកជន អាចជ្រើសរើសយកសិក្ខាកាមដែលមានសមត្ថភាពខ្ពស់ បម្រើការងារឱ្យខ្លួនបានផងដែរ។លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ថា តាមរយ:ធាតុចូលនៃវេទិកានេះ CAMFEBA នឹងខិតខំរៀបចំកសាងនូវយុទ្ធសាស្រ្តរយ:ពេលមធ្យម ២០២៥-២០៣០ សម្រាប់ជំរុញការអភិវឌ្ឍជំនាញឱ្យមានផលិតភាពពេញលេញ ដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែង។ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO)នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញ គឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ