ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសម្រាំងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងលោក-លោកស្រីប្រធានមណ្ឌលសុខភាព ដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យសុខាភិបាលរួមមាន៖ មណ្ឌលសុខភាពសារិកាកែវ ក្រុងអរិយក្សត្រ មណ្ឌលសុខភាពព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល មណ្ឌលសុខភាពកោះរះ ស្រុកល្វាឯម មណ្ឌលសុខភាពសំរោងធំ ស្រុកកៀនស្វាយ និងមណ្ឌលសុខភាពស្អាងភ្នំ ស្រុកស្អាង។ បន្ទាប់បានស្ដាប់បទបង្ហាញ របស់មណ្ឌលសុខភាព ដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្តរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់ក្រុមការងារ ត្រូវជួយបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតទៅលើការធ្វើបទបង្ហាញ ដើម្បីរួមគ្នាកែសម្រួលឱ្យបានពេញលេញ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ មណ្ឌលសុខភាពទាំង៥ ត្រូវលើកឡើងចំណុចខ្វះខាត នៃសូចនាករដែលក្រសួងបានដាក់ចុះនៅក្នុងកិច្ចប្រជុំនេះ ដើម្បីក្រុមការងារជួយដោះស្រាយបំពេញបន្ថែមបានទាន់ពេលវេលា ជាពិសេសត្រូវកែសម្រួលស្លាយសម្រាប់ធ្វើបទបង្ហាញ ឱ្យមានលក្ខណៈងាយស្រួលមើល ទាំងខ្លឹមសារ និងទិន្នន័យច្បាស់លាស់។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូពេទ្យ ត្រូវខិតខំហ្វឹកហាត់ក្នុងការធ្វើបទបង្ហាញឱ្យកាន់តែស្ទាត់ជំនាញថែមទៀត ចេះគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញស្របតាមការកំណត់ ហើយនៅពេលខាងមុខនេះ ក្រុមការងារនឹងប្រជុំពិនិត្យម្ដងទៀត ដើម្បីសម្រេចជ្រើសរើសយកមណ្ឌលសុខភាពចំនួន២ ដែលល្អបំផុត មានសក្ដានុពល ក្នុងចំណោមមណ្ឌលសុខភាពដែលជាប់ Top 5 ថ្នាក់ខេត្ត ដើម្បីទៅប្រកួតប្រជែងនៅថ្នាក់ជាតិ ទទួលបានចំណាត់ថ្នាក់ល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងការប្រកួតប្រជែងនេះការឈ្នះចាញ់គឺជារឿងធម្មតាទេ តែអ្វីដែលជារឿងសំខាន់នោះគឺគ្រប់មណ្ឌលសុខភាពក្នុងខេត្តទាំងអស់ ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីសូចនាករទាំង៨ ដែលបានកំណត់ក្នុងការប្រកួតប្រជែងនេះ បើទោះបីជាលទ្ធផលក្នុងការប្រកួតយ៉ាងណាក៏ដោយ ការងារដែលសំខាន់នោះ គឺត្រូវយកសូចនាករទាំងនោះមកតម្រង់ទិសក្នុងការកែលម្អ ការគ្រប់គ្រង និងការផ្តល់សេវា ត្រូវយកចំណុចទាំងនោះមកអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមស្តង់ដានោះទើបជាការប្រសើរបំផុត។ សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺផ្អែកលើលក្ខណៈ វិនិច្ឆ័យ គោលធំៗចំនួន៨ចំណុច រួមមាន៖ ទី១៖ ស្ដង់ដាសេវាសាធារណៈ, ទី២៖ និយាមនៃការផ្ដល់សេវាសាធារណៈ, ទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ទី៤៖ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព, ទី៥៖ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព, ទី៦៖ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយ តម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ, ទី៧៖ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍ និងទី៨៖ ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ