ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតជាង១០០០គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
Thu,16 October 2025 (Time 04:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំមកនូវព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាលោកទាំងទ្វេ មិនបានយាង និងអញ្ជើញជួប លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់ដោយផ្ទាល់ក៏ដោយ ក៏សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនជនរួមជាតិយើងនៅគ្រប់ទីកន្លែង។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដែលបានរាយការណ៍ពីវឌ្ឍភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ជួយសម្រាលទុក្ខលំបាកដល់ប្រជាជននៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ស្ពឺ ជាពិសេសចុះផ្ទាល់ដល់គេហដ្ឋានប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវា ៨ឧសភា ជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពក្នុងការនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាជនងាយរងគ្រោះបំផុតនាពេលនេះ ដែលនេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីសុខុមាលភាពរបស់ប្រជាជន។

លោកជំទាវបណ្ឌិត បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព សូមពិសាទឹកដាំពុះ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀសវាងការកើតជំងឺផ្សេងៗ ជាពិសេសសូមកុំបរិភោគប្រៃពេក ផ្អែមពេក និងមានជាតិខ្លាញ់ច្រើន ភេសជ្ជៈគ្រឿងកំប៉ុង គ្រឿងស្រវឹង និងបារីជាដើម ដើម្បីចៀសផុតពីជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងលើសឈាម ជាដើម។ល។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់លោកយាយលោកតា និងប្រជាជនទាំងអស់ ពេលមានជំងឺសូមប្រញ៉ាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីព្យាបាលជាបន្ទាន់ ហើយសូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ដើម្បីកាត់បន្ថយការចំណាយថវិកា។ លោកជំទាវបណ្ឌិត ក៏បានណែនាំដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) រៀបចំចុះមកពិនិត្យសុខភាពជូនបងប្អូនប្រជាជន នៅឆ្នាំក្រោយផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមលើកកម្ពស់វិធានការ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន-គ្រឿងស្រវឹង, ល្បែងស៊ីសងគ្រប់ប្រភេទ, ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។ ជាមួយគ្នានេះ សូមសាខាកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង និងជំងឺមិនឆ្លងនានា មានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, ជំងឺអេដស៍ជាដើម។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយដល់បង-ប្អូន ដែលជាពលករត្រឡប់មកពីប្រទេសជិតខាង ដើម្បីទទួលបានការងារធ្វើនៅក្នុងប្រទេស។

គ្រួសារងាយរងគ្រោះបំផុតទាំង ១.៣២៩គ្រួសារ មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប៕
សូមបញ្ជាក់ថា ស្បៀង-សម្ភារៈ ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម​ គីម​ រិទ្ធី​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

វីដែអូ