បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៥៥នាក់ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។បន្ទាប់ពីឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង អានរបាយការណ៍ជូនអង្គពិធីរួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសហការីក្នុងក្រុមការងារ ដែលបានដឹកនាំ និងសហការជាមួយអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធនានា រៀបចំពិធីជួបជុំនេះឡើង ដើម្បីចូលរួមអបអរសាទរចំពោះក្មួយៗ ចៅៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ទូទាំងខេត្តបាត់ដំបង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ។សម្តេច មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្ត វេន បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណទី១ ជាយុទ្ធសាស្ត្រគន្លឹះ សម្រាប់បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជាមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។សម្តេច មានប្រសាសន៍បន្ថែមថា ដើម្បីបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម សម្តេចបានផ្តល់នូវអនុសាសន៍មួយចំនួន៖ ចំពោះក្មួយៗ ចៅៗ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចងចាំថា លទ្ធផលប្រឡង គឺជាជោគជ័យមួយក្នុងការសិក្សារៀនសូត្រតែប៉ុណ្ណោះ។ ក្នុងការកសាងអនាគតនៃជីវិតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ក្មួយៗ ចៅៗ ត្រូវបន្តព្យាយាមបន្តដណ្ដើមយកជោគជ័យនានាជាបន្ថែមទៀត ដែលចំពោះមុខនេះ គឺត្រូវពិចារណាឱ្យបានម៉ត់ចត់ក្នុងការជ្រើសរើសយកមុខវិជ្ជាណា ដែលស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារក្នុងសង្គម ដើម្បីជាទុនដ៏សំខាន់ក្នុងការកសាងជីវភាពរស់នៅផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក្មួយៗ ចៅៗ ក៏ត្រូវអភិវឌ្ឍជំនាញទន់របស់ខ្លួន ដើម្បីពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ គុណធម៌ និងសុជីវធម៌។ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រទេសជាតិ សម្តេចសូមលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាបន្តជួបសំណេះសំណាលជាមួយសិស្ស ដែលជាប់និទ្ទេសផ្សេងៗទៀតនៅតាម ក្រុង ស្រុក ដើម្បីជំរុញលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ក្នុងការបន្តសិក្សារៀនសូត្រ និងកសាងខ្លួនជាពលរដ្ឋល្អក្នុងសង្គម។ ទន្ទឹមនេះ ក៏គួរជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងធ្លាក់ ដើម្បីលើកទឹកចិត្ត និងអប់រំណែនាំឱ្យបន្តការសិក្សារៀនសូត្រ ដែលអាចបន្តធ្វើការសិក្សាដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬអាចជ្រើសយកការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬក៏អាចជ្រើសយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចាប់យកមុខជំនាញវិជ្ជាជីវៈណាមួយពិតប្រាកដ សម្រាប់បង្កើតការងារ និងប្រាក់ចំណូលផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ សម្តេចបានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ព្រមទាំងបន្តប្រមូលផ្តុំខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។សម្តេចក៏បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចាប់តាំងពីច្រកព្រំដែន រហូតមកដល់លំនៅឋាន ប្រកបដោយសុវត្ថិភាព ហើយបាននិងកំពុងសម្របសម្រួលស្វះស្វែងរកការងារក្នុងប្រទេសជាបន្តបន្ទាប់ជូនបងប្អូនប្រជាពលរដ្ឋយើង រួមទាំងការដោះស្រាយស្បៀងអាហារ និងបញ្ហាប្រឈមនានាក្នុងជីវភាពរស់នៅ។ ជាមួយគ្នានេះ សម្តេចសូមលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បន្តខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានារបស់បងប្អូនឱ្យបានទាន់ពេលវេលា។ជាមួយគ្នានោះ សម្តេចសង្ឃឹមយ៉ាងមុតមាំលើការប្ដេជ្ញាចិត្ត និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន។ទន្ទឹមនេះ សម្តេចសូមជូនពរដល់ក្មួយៗ ចៅៗ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ សូមសម្រេចបាននូវជោគជ័យនានាជាបន្ថែមទៀត ទាំងក្នុងការសិក្សារៀនសូត្រ និងការកសាងជីវភាពរស់នៅប្រកបដោយភាពសម្បូររុងរឿង និងសុភមង្គល៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ