បាត់ដំបង៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.មន្ទីរវិស័យទាំង៣៧ក្នុងខេត្តបាត់ដំបង និងសំណេះសំណាលប្រគល់លិខិតថ្លែងអំណរគុណ ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង២៨ សីហា ២០២៥ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ពិធីប្រកាសទទួលស្គាល់ក្រុមការងារស.ស.យ.ក តាមបណ្ដាមន្ទីរវិស័យនាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តនិងលក្ខន្តិកៈរបស់ស.ស.យ.កដោយក្នុងនោះស.ស.យ.កខេត្តបាត់ដំបងបានរៀបចំកសាងកម្លាំងនិងរៀបចំជារចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់នូវក្រុមការងារស.ស.យ.កតាមមន្ទីរវិស័យសរុបបាន៣៧ មន្ទីរវិស័យ សមាជិក សមាជិកា សរុបចំនួន១ ៧១២នាក់ ស្រី៥៥២នាក់។មានប្រសាសន៍ចូលរួមក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស.ស.យ.កខេត្តបាត់ដំបង បានគូសបញ្ជាក់ថា សមាជិក សមាជិកាគ្រួសារស.ស.យ.កទូទាំងប្រទេសបានបន្តបំពេញការងារស្ម័គ្រចិត្តរបស់ខ្លួនយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវខ្ពស់។ជាមួយគ្នានេះ ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់សមាជិក សមាជិកាគ្រួសារស.ស.យ.ក គ្រប់រូបត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីនិងឆន្ទៈក្នុងការបំពេញកិច្ចការងារស្ម័គ្រចិត្តដើម្បីជាប្រយោជន៍ដល់សង្គមជាតិតទៅមុខទៀត។ពីវេទិកាគណៈអធិបតី ឯកឧត្តម ស សុខា មានប្រសាសន៍ថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ដោយភាពយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានប្ដេជ្ញាចិត្តបន្តគាំទ្រនូវគោលនយោបាយ និងការដាក់ចេញកិច្ចការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តជំរុញនិងការគាំទ្រដល់សមាជិក សមាជិកាគ្រប់រូបឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងការប្ដេជ្ញាក្នុងការការពារសមិទ្ធផលនានាដែលបានកើតចេញពីការធ្វើពលីកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុន និងការបន្តកសាងអភិវឌ្ឍថ្មីៗបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ឯកឧត្តម មានប្រសាសន៍បន្ថែមថា ដោយបន្តបេសកកម្មពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ស.ស.យ.កដែលត្រូវបានចាត់ទុកថា ជារណស្សិទូលំទូលាយរបស់យុវជនកម្ពុជាបាននិងកំពុងប្រមូលផ្ដុំយុវជនគ្រប់ទិសទីនៅក្នុងទូទាំងប្រទេសកម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ជំនឿផ្សេងៗទៀត ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងសាមគ្គីក្នុងការចូលរួមចំណែកកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព និងវឌ្ឍនភាព។ឯកឧត្តមអនុប្រធាន គូសបញ្ជាក់ថា យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ ស.ស.យ.ក ប្រកាសប្ដេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការនានារបស់រាជរដ្ឋាភិបាល ស្ថាប័នកំពូល ស្ថាប័នជាតិពាក់ព័ន្ធទៅនឹងនយោបាយក្នុងនិងក្រៅប្រទេសជាពិសេសបញ្ហាបូរណភាពទឹកដីជាមួយនឹងរដ្ឋជិតខាង។ជាក់ស្ដែងកាលពីខែមិថុនាកន្លងទៅនេះ ស.ស.យ.ក បានរៀបចំកម្មវិធីថ្មើជើងបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិនៅក្នុងខេត្តបាត់ដំបងរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដែលជាការចូលរួមចំណែកជាខឿនការពារជាតិ និងប្រជាពលរដ្ឋ។ឯកឧត្តម ស សុខា រំលេចបន្ថែមថា ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.មន្ទីរវិស័យ ទាំង៣៧ក្នុងខេត្តបាត់ដំបងដែលមានសមាជិក សមាជិកាជាង១ ៧០០នាក់ នាឱកាសនេះធ្វើឱ្យសមាជិក សមាជិកានៃស.ស.យ.កខេត្តបាត់ដំបងនិយាយដោយឡែក និងនៅក្នុងប្រទេសកម្ពុជានិយាយជារួមមានចំនួនកើនឡើង ជាពិសេសធនធានយុវជនដែលមានសក្ដានុពលបានបន្តប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយស្មារតីដឹកនាំ ព្យាយាមប្រឹងប្រែងដែលយន្តការនេះនឹងចូលរួមចំណែកក្នុងការសម្រេចបេសកកម្មរបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិរបស់យើងកំពុងជួបប្រទះនឹងបញ្ហាប្រឈមពីការឈ្លានពានជម្លោះព្រំដែនជាមួយនឹងប្រទេសជិតខាង។ជាងពេលណាទាំងអស់ប្រទេសជាតិយើងពិតជាត្រូវការជាចាំបាច់នូវកម្លាំងសាមគ្គីជាតិ ស្មារតីឯកភាពជាតិ ជាពិសេសគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់និន្នាការនយោបាយស្របតាមពាក្យស្លោក ស.ស.យ.កភាសាតែមួយ បេះដូងតែមួយ ដើម្បីចូលរួមការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានរបស់បរទេស។ឯកឧត្តមចង់ឃើញ យុវជនស.ស.យ.ក បន្តប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងមានជំហររឹងមាំគាំទ្រដល់រាជរដ្ឋាភិបាល និងជឿទុកចិត្តនូវការដឹកនាំ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងក្រុមជ្រុលនិយម និងអំពាវនាវឱ្យមហាជន ជាពិសេសពីសំណាក់យុវជនក៏ដូចជាកម្លាំងប្រដាប់អាវុធគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ