ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនីមាន ៣ ៦៧៦គ្រឿង ខណៈទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមាន ២១កន្លែង
Wed,18 September 2024 (Time 12:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 182នាក់)

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនីមានចំនួន ៣ ៦៧៦គ្រឿង ទីតាំងបញ្ចូល ថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ខណៈដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូ។

លោក ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនានាប្រចាំកម្ពុជា និងមានថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងសមាជិក សមាជិកាជាច្រើនរូបទៀត។

លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានេះ បាននិងកំពុងដើរទន្ទឹមគ្នាទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី​នៅក្នុងក្របខណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿន​គួរឱ្យកត់សម្គាល់។ ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីក៏ពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ត្រូវទាមទារនូវការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ជាមួយនិងការដាក់ចេញនូវគោលនយោបាយជាក់លាក់។

លោក ប៉េង ពោធិ៍នា បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមុតមាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បាននិងកំពុងបន្តដឹកនាំការអភិវឌ្ឍប្រទេសឆ្ពោះទៅរកវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ និងការបង្កើតសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាពិសេសបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការចាប់យកនវានុវត្តន៍និងបច្ចេកវិទ្យា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាព និងពិពិធ- កម្មសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រនេះវិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយ​ដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។

លោក ប៉េង ពោធិ៍នា ក៏បានធ្វើការកត់សម្គាល់ផងដែរថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់​ដែលបង្កឡើង​ដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ក្រសួងសាធារណការក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ននិងកាត់បន្ថយការស្លាប់​មុនអាយុពីប្រមាណ ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ ២,៨លាននាក់ នៅឆ្នាំ២០៥០។

លោក ប៉េង ពោធិ៍នា បានអះអាងដែរថា បានការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ គឺស្របទៅនឹងនិន្នាការតំបន់ និងសកលនៃការវិវត្ត​យ៉ាងឆាប់រហ័ស​លើវិស័យយានយន្តអគ្គិសនី។ គោលនយោបាយជាតិនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍ​ប្រព័ន្ធអេកូឡូស៊ី​យានយន្តអគ្គិសនី​ជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងដើម្បីលើកកម្ពស់​កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម​ក្នុងការកសាងភាពធន់ដ៏រឹងមាំនៃសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ