ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅសម្រេចគោល នយោបាយ ផែនទីបង្ហាញផ្លូវ ទៅកាន់ការគ្រប់ដណ្តប់ សុខភាពជាសកល នៅឆ្នាំ២០៣៥ រាជរដ្ឋាភិបាល បានអនុវត្តវិធាន គន្លឹះ៣ ដែលក្នុងនោះការកសាងភាពជាដៃគូរឹងមាំ ក្នុងវិស័យសុខាភិបាល សាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ទៅកាន់ការគ្រប់ដណ្តប់សុខភាពជាសកល នៅឆ្នាំ២០៣៥ ដែលមានគោលដៅ៣ ។ ទី១. ការពង្រីកវិសាលភាព គ្រប់ដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារ សង្គម ឱ្យបាន៨០%នៃចំនួនពលរដ្ឋសរុប ។ ទី២. សន្ទុះនៃការគ្រប់ដណ្តប់ សេវាសុខាភិបាល ជាសារវ័ន្តយ៉ាងហោចណាស់ ៨០% និងទី៣.ការកាត់បន្ថយកម្រិត ចំណាយពីហោប៉ៅផ្ទាល់ លើការថែទាំសុខភាព ឱ្យនៅត្រឹម៣៥% នៃចំណាយសរុប លើការថែទាំសុខភាព។ដើម្បីឆ្ពោះទៅសម្រេច គោលនយោបាយខាងលើនេះ សម្តេចធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាល បានអនុវត្តវិធានគន្លឹះ៣ ទី១ ការពង្រឹងសមត្ថភាពផ្តល់សេវា នៅមូលដ្ឋានសុខភាព មជ្ឈមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ។ ទី២ អភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាល គ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការងារឆ្លើយតប និងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រោះទាំងការលើកកម្ពស់ប្រសិទ្ធិភាព នៃកិច្ចដំណើរការការមុខងារស្ថាប័ន និងទី៣ ការកសាងភាពជាដៃគូរឹងមាំ ក្នុងវិស័យសុខាភិបាល សាធារណៈ-ឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់” ។ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ថា “ការកែលម្អគុណភាព សេវាសុខាភិបាល ត្រូវធ្វើជាប្រចាំ និងជាប់មិនដាច់ សំដៅលើកកម្ពស់ គុណភាពថែទាំសេវាសុខភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជនដែលកាន់តែរីកចម្រើន” ។សូមរំលឹកថា រាជរដ្ឋាភិបាលជាច្រើន អាណត្តិមកហើយ បានយកចិត្តទុកដាក់ជាប្រចាំ នៅក្នុងការបង្កលទ្ធភាព ឱ្យប្រជាជនមានលទ្ធភាព នៅក្នុងការទទួលសេវា ។ លទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញ សេវាសុខាភិបាលទៅមូលដ្ឋាន ការកសាងប៉ុស្តិ៍សុខភាព ការកសាសងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដែលពង្រីកជាប្រចាំ បូកផ្សំជាមួយការ កសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គឺជាកិច្ចការសំខាន់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ