(ប៉េកាំង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ចាង យូសៀ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈឹមចិន នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន។ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ចាង យូសៀ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលជួបពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ។នាយឧត្តមសេនីយ៍ ចាង យូសៀ ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជាដែលតែងតែគាំទ្រការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាប៉េកាំងសៀនសាន ហើយនេះជាលើកទី២ហើយ ដែលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិនដើម្បីចូលរួមវេទិកានេះ។នាយឧត្តមសេនីយ៍ ចាង យូសៀ ក៏បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែបនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។នាយឧត្តមសេនីយ៍ ចាង យូសៀ បានបន្តថា ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កិច្ចសហ-ប្រតិបត្តិការរវាងកងទ័ព ទាំងពីរក៏កាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀត។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាដល់កម្រិតថ្មីមួយ។ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបបរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះនាយឧត្តមសេនីយ៍ ចាង យូសៀ និងថ្នាក់ដឹកនាំចិន។ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវសមានចិត្ត និងចូលរួមរំលែកទុក្ខចំពោះរាជរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានទទួលរងគ្រោះដោយសារព្យុះទីហ្វុងយ៉ាហ្គី កាលពីពេលថ្មីៗនេះ។ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចការងារកិច្ចសហប្រតិបត្តិការល្អរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលជាការបន្តនូវស្នាដៃ និងសមិទ្ធផលដែលបានពូនជ្រុំដោយសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលបានខិតខំជួយដល់កម្ពុជា និងបានផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលពីមួយឆ្នាំៗមានការកើនឡើងជាលំដាប់។ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាថ្មីៗនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជា ការជំរុញនូវកិច្ចសហប្រត្តិបត្តិការជាយុទ្ធសាស្រ្ត ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ ការលើកកម្ពស់ប្រសិទ្ធិភាពជំនួយយោធា និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមយៈសមយុទ្ធយោធារួមគ្នា ដូចជាលំហាត់នាគមាស លំហាត់ទេវតាសន្តិភាព ជាដើម។ ភាគីទាំងពីរ ក៏បានសម្តែងក្តីសង្ឃឹមថានឹងពង្រីកបន្ថែមទៀតនូវភាពស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញសហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ