ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាព យ៉ាងក្រៃលែង ដែលសម្រេចបាន នូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ ។បេីតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី គូសបញ្ជាក់ថាព្រឹត្តិការណ៍ដ៏សំខាន់ៗ ចំនួន ៤នោះរួមមាន ៖ទី១- កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ ចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) ៣. សម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និង ៤. កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន ។សម្តេចធិបតី បានកត់សម្គាល់ថា ព្រឹត្តិការណ៍ទាំងនេះ ផ្តោតសំខាន់លើ សន្តិភាព ការផ្សះផ្សាជាតិ និងការអត់ឱន ដែលសុទ្ធសឹងជាគោលការណ៍គ្រឹះនៃនយោបាយឈ្នះ-ឈ្នះ និងជាបទពិសោធន៍សម្រាប់ការចែករំលែកជាសាកល ជាពិសេសបណ្តាប្រទេសដែលកំពុងជួបប្រទះ ជម្លោះនិងសង្គ្រាមស៊ីវិល។ លើសពីនេះ លទ្ធផលគួរជាទីមោទនៈដែលគួររំលេចនោះគឺ សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ បានគាំទ្រការអនុម័តធម្មនុញ្ញសន្តិភាពសកល (UPC) ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអាចក្លាយជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងចំណោមប្រជាជាតិ សហគមន៍ និងសកលលោក។ទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទី៣- ការរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤»ទី៤- ការចុះបញ្ជី «ក្រមា» របស់ជាតិខ្មែរ តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ក្រៅពីនេះ សម្តេចធិបតី បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន។សម្តេចធិបតី ក៏បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្ត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស នៃពិធីបុណ្យ សមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥ ។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនកុះករ ។សម្តេចធិបតី បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ