ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្ដល់អាទិភាពខ្ពស់បន្ថែមទៀត លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយនិងវិធានការម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា ខណៈបញ្ហាគ្រឿងញៀននេះនៅតែជាកង្វល់ របស់សង្គមជាតិនោះ។ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល ១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ខណៈកិច្ចប្រជុំនេះមានការចូលរួមពី ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងជួររាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា វិធានការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម ពោលត្រូវធ្វើតាមរបៀបទំនើប ដើម្បីជំរុញឲ្យមានការទាក់ទាញពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចង់ស្ដាប់ ចង់ទស្សនា សំដៅបញ្ជ្រាបការយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនទៅកាន់មូលដ្ឋានគ្រួសារនីមួយៗ។បន្ថែមពីនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដោយក្នុងនោះមានទាំងផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ដោយឡែក ការស្ដារនីតិសម្បទា ត្រូវរៀបចំស្ដង់ដារ SOP ដើម្បីគ្រប់គ្រងដំណើរការមណ្ឌលបន្សាប់ ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀនជាដើម។ចំពោះការងារសហប្រតិបត្តិការអន្ដរជាតិវិញ ត្រូវបន្ដសហការជាមួយបណ្ដាប្រទេសជិតខាង អង្គការអន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បណ្ដាស្ថានទូត ដើម្បីធ្វើយ៉ាងណាឲ្យបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ យល់ច្បាស់អំពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ថែមពីនេះ ក៏អាចចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកជាមួយប្រទេសជាដៃគូផងដែរ។បើតាមការឲ្យដឹងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០,០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧,៨១៧នាក់ (ស្រី២,១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន ៧តោន ៥១៨គីឡូក្រាម, កញ្ឆាស្រស់ចំនួន២៦,២៦៧ដើម, កញ្ឆាស្ងួត ចំនួន៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ