ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
Thu,17 October 2024 (Time 06:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 155នាក់)

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធផលការងារជាច្រើន ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា សម្រេចបានក្នុងរយៈពេល ២ អាណត្តិ គឺអាណត្តិទី១៣ និងអាណត្តិទី១៤ កន្លងទៅនេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារបម្រើឱ្យវិស័យយុតិ្តធម៌ ជាពិសេសការលើកកម្ពស់សមត្ថភាព និងតម្លៃវិជ្ជាជីវៈមេធាវី និងស្ថាប័នគណៈមេធាវី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកមេធាវី សាំង វណ្ណៈ ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៥ និងអបអរសាទរចំពោះមេធាវីជ័យលាភីទាំង ៣៣ រូប ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី សម្រាប់អាណត្តិទី១១។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងនូវការសង្ឃឹម និងជឿជាក់ថា ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាអាណត្តិទី១១ ដែលទើបនឹងជាប់ឆ្នោតនេះ នឹងខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ឧត្តមភាព កិត្យានុភាព និងវិបុលភាពនៃវិជ្ជាជីវៈមេធាវី ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យយុតិ្តធម៌ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមទិសដៅកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេច និងបញ្ជាក់ថា ក្នុងរយៈពេល ១ ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងយុត្តិធម៌បានខិតខំអនុវត្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្ម ជាពិសេសលើការងារពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ជាអាទិ៍៖

(១)- អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និងនិរន្តរភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ គិតរហូតមកទល់ពេលនេះ, អ.ដ.ក. បាននិងកំពុងខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម និងបាននិងកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

(២)-ក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ គឺ៖ “យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”។ យុទ្ធនាការទាំង ២ នេះ បានក្លាយជា “ច្រកផ្លូវការ” មួយសម្រាប់ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹងមកក្រសួងយុត្តិធម៌ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយជំរុញ និងជួយត្រួតពិនិត្យនិងដោះស្រាយរកយុត្តិធម៌ ក្នុងករណីដែលខ្លួនយល់ថាចំណាត់ការរបស់តុលាការចំពោះសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ និងសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ។ ផ្អែកតាមលទ្ធផលរយៈពេល ៩ ខែ នៃការអនុវត្តយុទ្ធនាការទាំង ២ នេះ ទាំងស្ថាប័នតុលាការ ទាំងយន្តការនៃការអនុវត្តយុទ្ធនាការបានខិតខំអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដោយសម្រេចបានជាអតិបរមានូវការដោះស្រាយពាក្យបណ្ដឹង និងពាក្យសុំអន្តរាគមន៍ដោយផ្អែកតាមច្បាប់ និងនីតិវិធីជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់លោក លោកស្រី ជាមេធាវីទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖

(១)- មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។

(២)- មេធាវីគ្រប់រូបគប្បីបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពជាប្រចាំ ទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យា ដើម្បីភាពរឹងមាំនៃសមត្ថភាពខ្លួនឯងផង និងដើម្បីលើកកម្ពស់វិជ្ជាជីវៈមេធាវីផង។

(៣)- សូមមេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ។

(៤)- សូមមេធាវីគ្រប់រូបបន្តចូលរួម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀតក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកលើកកម្ពស់ “យុត្តិធម៌នៅក្នុងសង្គម” និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ