វៀងចន្ទន៍៖ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងដែលចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកម្រិតតំបន់នេះ ហើយខ្លឹមសារសំខាន់នៃសុន្ទរកថារបស់លោក គឺផ្ដោតលើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងតំបន់អាស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសនៅក្នុងតំបន់។ លោកប្រធានធនាគារក៏បង្ហាញនូវសក្ដីសប្បាយរីករាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកប្រធានធនាគារបានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារ AIIB កាលពី ៩ ឆ្នាំមុន។ ការណ៍នេះសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍបន្តិចម្ដងៗនៃដំណើរការរបស់ធនាគារ AIIB។ ជាមួយគ្នានោះលោកប្រធានធនាគារក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យរបស់លោកប្រធានធនាគារ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលព្រឹក។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ហើយក៏ជាអ្វីដែលកម្ពុជាត្រូវការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីបានរងការខូចខាតដោយភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា បុរេលក្ខខណ្ឌដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថានៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចបវរធិបតី គូសបនញ្ជាក់ថា ក្នុងនាមជាប្រទេសស្ថានិកមួយរបស់ធនាគារAIIB កម្ពុជានឹងបន្តចូលរួមជាមួយធនាគារ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងជាស្ថាប័នសម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយធនាគារ AIIB៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ