សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១ ខែមេសានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដល់តំណាងមន្ទីរ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ និយ័តករធានារ៉ាប់រងកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប។គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីការធានារ៉ាប់រងឱ្យបានកាន់តែទូលំទូលាយជូនសាធារណជន ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជន ជាពិសេស រួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រង តាមរយៈការគូសបង្ហាញពីមូលដ្ឋានគ្រឹះ ប្រភេទ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជា។ថ្លែងក្នុងឱកាសនោះ លោក ប៊ូ ច័ន្ទភីរូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់និយ័តករធានារ៉ាប់រងកម្ពុជា ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបំពេញការងារ លើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសបានបន្តសហការជំរុញការអនុវត្តធានារ៉ាប់រងជាកាតព្វកិច្ច ក្នុងន័យឆ្លើយតបឱ្យបានសមស្របទៅនឹងកំណើនចំនួនការដ្ឋានសាងសង់ និងយានយន្តប្រកប អាជីវកម្មដែលកំពុងចរាចរណ៍តាមដងផ្លូវ រួមផ្សំនឹងអត្រាកំណើនគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃដែលបាន និងកំពុងផ្តល់ផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ រូបរាងកាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ច ដែលរួមមាន៖ ១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្តដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយានយន្ដរបស់ខ្លួន។ ២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។ និង ៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលជាម្ចាស់ការដ្ឋាន ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។ទោះយ៉ាងណា លោក ប៊ូ ច័ន្ទភីរូ បានលើកថា មានកត្តាចំនួន ៣ ដែលបណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច នៅមានកម្រិតទាប ក្នុងនោះរួមមាន ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រម-ទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។តាមរយៈការផ្សព្វផ្សាយនេះ សិក្ខាកាម បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើការប្រើប្រាស់ធានារ៉ាប់រងជា វិធីសាស្ត្រក្នុងការផ្ទេរ និងសម្រាលបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យណាមួយកើតមានឡើង។ បន្ថែមពីនេះ សិក្ខាកាមបានជ្រាបច្បាស់ពីប្រភេទនៃការធានារ៉ាប់រងជាកាតព្វកិច្ច និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ជុំវិញសារៈសំខាន់នៃការសហការពីគ្រប់តួអង្គពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការអនុវត្តការធានារ៉ាប់រងជា កាតព្វកិច្ចប្រកបដោយប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ