ហូជីមីញ៖ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, នៅរសៀលថ្ងៃទី៣១ ខែមីនា ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមានការចូលរួមដោយឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ក្នុងទីក្រុងហូជីមិញ។ពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ (ProPak Vietnam 2026) បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលមានរយៈពេល ៣ថ្ងៃ។ ព្រឹត្តិការណ៍នេះ បានទាក់ទាញក្រុមហ៊ុនជាង ៤០០ មកពី ៣២ប្រទេស ក្នុងតំបន់ និងលើកពិភពលោក ដោយបានដាក់តាំងបង្ហាញបច្ចេកវិទ្យា ឧបករណ៍ និងដំណោះស្រាយជាច្រើនប្រភេទ ទាំងការកែច្នៃ ការផលិត និងការវេចខ្ចប់ លើទីលានប្រហែល ១៣.០០០ ម៉ែត្រការ៉េ។ពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នេះ បានទាក់ទាញធុរជន ពាណិជ្ជករ អ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញរាប់ពាន់នាក់ ដែលកំពុងស្វែងរកផលិតផលថ្មីៗ និងជួបដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីរកដំណោះស្រាយដែលសមស្របទៅនឹងតម្រូវការអាជីវកម្មរបស់ពួកគេ។ ពិព័រណ៍អន្តរជាតិនេះ ក៏បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករដែលចង់ស្វែងយល់ពីបច្ចេកវិទ្យា និងជួបដៃគូពាណិជ្ជកម្ម។ដោយមានការឧបត្ថម្ភពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ ក្រុមហ៊ុន Informa Markets វៀតណាម, ពិព័រណ៍អន្តរជាតិ ProPak វៀតណាម ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្តោតលើឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ ដែលមានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ ការតាំងពិព័រណ៍ប្រចាំឆ្នាំនេះ គឺជាវេទិកាសំខាន់សម្រាប់អ្នកផ្តល់បច្ចេកវិទ្យាឈានមុខគេលើវិស័យកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ ភេសជ្ជៈ និងឱសថ ក៏ដូចជាដំណោះស្រាយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញ និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់មកពីទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់។ជាមួយគ្នានេះ ពិព័រណ៍នេះ នឹងបង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការវេចខ្ចប់ ការកែច្នៃអាហារ បច្ចេកវិទ្យា ភេសជ្ជៈ វត្ថុធាតុដើម ឱសថ ភស្តុភារកម្ម និងការផ្គត់ផ្គង់ខ្សែសង្វាក់ឧស្សាហកម្ម ដោយផ្តល់ឱកាសដល់អាជីវកម្មនានាក្នុងការធ្វើបច្ចុប្បន្នភាព ពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកដំណោះស្រាយល្អបំផុតដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។អ្នករៀបចំព្រឹត្តិការណ៍នេះ បានឱ្យដឹងថា ទីផ្សារឧស្សាហកម្មកែច្នៃ និងវេចខ្ចប់នៅឆ្នាំ២០២៦ ត្រូវបានគេព្យាករថា នឹងឆ្លងកាត់ដំណាក់កាល "ជ្រើសរើសឡើងវិញ" យ៉ាងតឹងរ៉ឹង។ អាជីវកម្ម នឹងលែងប្រឈមមុខនឹងសម្ពាធតែលើបរិមាណផលិតកម្មទៀតហើយ ប៉ុន្តែ ក៏នឹងត្រូវដោះស្រាយការកើនឡើងនៃថ្លៃដើម និងតម្រូវការទិន្នន័យប្រតិបត្តិការដ៏តឹងរ៉ឹងផងដែរ។សូមបញ្ជាក់ថា ក្រៅពីចូលរួមពិព័រណ៌អន្តរជាតិ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាចែករំលែក និងទស្សនកិច្ចរោងចក្រ សហគ្រាសផលិត និងជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗ។គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ